(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃពុធថា លោកត្រៀមខ្លួនរួចរាល់ហើយក្នុងការជួបពិភាក្សាជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រសិនបើប្រធានាធិបតីអ៊ុយក្រែនរូបនេះ យល់ព្រមមកកាន់ទីក្រុងមូស្គូ។ ទោះជាយ៉ាងណា លោកបានចោទជាសំណួរថា តើជំនួបបែបនេះពិតជាមានប្រយោជន៍ឬយ៉ាងណា។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងនៅក្នុងប្រទេសចិន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក លោក ពូទីន បានបញ្ជាក់ថា «សម្រាប់ការជួបជាមួយលោក ហ្សេលេនស្គី ខ្ញុំមិនដែលបដិសេធលទ្ធភាពនៃជំនួបបែបនេះទេ។ ប៉ុន្តែតើវាមានប្រយោជន៍អ្វីទេ? ចាំមើលសិន»។ លោកបានរំឭកពីជំហរដដែលរបស់វិមានក្រឹមឡាំងថា ជំនួបបែបនេះត្រូវតែត្រូវបានរៀបចំយ៉ាងល្អជាមុន និងត្រូវតែនាំមកនូវលទ្ធផលជាក់ស្តែង។
មេដឹកនាំរុស្ស៊ីរូបនេះ បានដាក់ចេញលក្ខខណ្ឌមួយចំនួន ដោយបានបញ្ជាក់ថា អ៊ុយក្រែនត្រូវតែលុបចោលច្បាប់អាជ្ញាសឹក រៀបចំការបោះឆ្នោត និងធ្វើប្រជាមតិអំពីបញ្ហាទឹកដី ប្រសិនបើចង់ឲ្យមានវឌ្ឍនភាពណាមួយកើតឡើង។
គួរបញ្ជាក់ថា ការថ្លែងរបស់លោក ពូទីន ធ្វើឡើងស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងព្យាយាមធ្វើជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពមួយ ហើយលោក ហ្សេលេនស្គី ផ្ទាល់ក៏បានជំរុញឲ្យមានជំនួបនេះផងដែរ៕