(បាងកក)៖ ព្រះរាជក្រឹត្យរំលាយសភា ដែលត្រូវបានដាក់ស្នើដោយនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន លោក Phumtham Wechayachai ត្រូវបានគេរាយការណ៍ថា ត្រូវបានក្រុមប្រឹក្សាព្រះមហាក្សត្របញ្ជូនត្រឡប់មកវិញ ដោយផ្អែកលើមូលដ្ឋានច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ។
ទោះជាយ៉ាងណា លោក Phumtham Wechayachai បានបដិសេធមិនធ្វើការអត្ថាធិប្បាយលើបញ្ហានេះឡើយ។
ព្រះរាជក្រឹត្យនេះត្រូវបានដាក់ស្នើដើម្បីទូលថ្វាយសុំការឡាយព្រះហស្តលេខា កាលពីម្សិលមិញ ថ្ងៃទី២ ខែកញ្ញា ចំពេលមានការជជែកវែកញែកជាសាធារណៈអំពីអំណាចផ្នែកច្បាប់របស់លោក Phumtham ក្នុងការចាត់វិធានការនេះ។
យោងតាមប្រភពមួយនៅវិមានរដ្ឋាភិបាល លេខាធិការដ្ឋានគណៈរដ្ឋមន្ត្រី រនៅវេលាម៉ោងប្រមាណ ២:៣០នាទីរសៀលថ្ងៃនេះ បានទទួលលិខិតជូនដំណឹងពីក្រុមប្រឹក្សាព្រះមហាត្សត្រ។ ប្រភពបានបញ្ជាក់ថា ក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលមានតួនាទីត្រួតពិនិត្យ និងទូលថ្វាយដំបូន្មានលើកិច្ចការព្រះមហាក្សត្រ បានបញ្ជូនឯកសារនោះត្រឡប់មកវិញ ដោយបញ្ជាក់ថា ដំណើរការនេះខ្វះការពិចារណាគ្រប់ជ្រុងជ្រោយ។
សេចក្តីសម្រេចនេះ ក៏ត្រូវបានគេរាយការណ៍ថា បានផ្អែកលើមតិយោបល់ផ្នែកច្បាប់ពីអគ្គលេខាធិការនៃក្រុមប្រឹក្សារដ្ឋ ដែលជាស្ថាប័នប្រឹក្សាយោបល់ផ្នែកច្បាប់របស់ប្រទេសថៃ ដោយបានបញ្ជាក់ថា រដ្ឋាភិបាលបណ្តោះអាសន្នគ្មានអំណាចក្នុងការដាក់ស្នើព្រះរាជក្រឹត្យរំលាយសភាបានឡើយ៕